កីឡាករ កាន់ ម៉េងហុង ជាម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំនេះ ប៉ុន្តែគ្មានគូប្រកួតនិងគេទេមកដល់ថ្ងៃនេះ..! (មានវិដេអូ)
ម្ចាស់មេដាយមាសស៊ីហ្គេម កាន់ ម៉េងហុង បានខកខានឡើងសង្វៀនជាច្រើនខែ ប៉ុន្តែគេនៅតែបន្តហ្វឹកហាត់ដើម្បីត្រៀមរហូត ដោយម្ចាស់មេដាយមាសស៊ីហ្គេម រូបនេះ បាននិយាយថា៖ “ខ្ញុំបានខកខានឡើងសង្វៀន ៦ខែមកហើយ ចាប់គូមិនបានវ៉ៃសោះ ដោយដាក់ទៅស្ងាត់ឈឹង អត់ដឹងមូលហេតុនោះទេ បើទោះបីលោកគ្រូគាត់ព្យាយាមចាប់គូឲ្យយ៉ាងណាក្ដី ហើយលោកគ្រូបានដាក់ឈ្មោះទៅតាមទូរទស្សន៍ ២-៣ ស្ថានីយដែរ ប៉ុន្តែចាប់អត់បាន មិនដឹងយ៉ាងម៉េចដែរបានជាគេ អត់ចាប់ឲ្យ ពោលគឺតាំងពីបញ្ហារបួសរបស់ខ្ញុំបានជាសះស្បើយមក”។
ពិតណាស់ អ្នកប្រដាល់ដែលមានដើមកំណើតនៅខេត្តកណ្តាល រូបនេះ បានបន្តទៀតថា៖ “ទោះគ្មានឈ្មោះប្រកួតប៉ុន្តែខ្ញុំនៅតែហ្វឹកហាត់ធម្មតា ធ្វើម៉េចបើគ្មានឈ្មោះប្រកួត កាលណាយើងខកខានហាត់ពេលមានឈ្មោះប្រកួតអាចពិបាក ហើយម៉្យាងទៀតកាលណាយើងអត់ហ្វឹកហាត់ ធ្វើឲ្យគីឡូរបស់យើងឡើងផងដែរ អ៊ីចឹងយើងពិបាកសម្រក ដូច្នេះខ្ញុំហាត់ធម្មតាគ្មានសម្រាកនោះទេ”។
គួបញ្ជាក់ផងដែរថា កីឡាករ កាន់ ម៉េងហុង គឺជាម្ចាស់មេដាយមាស លើវិញ្ញាសាសម្តែងថ្វាយបង្គំគ្រូ ផ្នែកបុរស ដែលបច្ចុប្បន្នរូបគេកំពុងហ្វឹកហាត់នៅក្លិបនាគរាជចតុមុខ៕