ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ ស្តេចប្រដាល់ភូមា តាមការស្នើសុំ

នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានឆ្លើយតបទៅកាន់ស្តេចប្រដាល់ឡាតវេយ៍ភូមា ដាវ លីឌុច ចំពោះសំណើសុំមកប្រកួតនៅលើទឹកដី កម្ពុជា នៅចុងឆ្នាំនេះ ដើម្បីជួបជាមួយកីឡាករ ព្រំ សំណាង មុនរូបគេប្រកាសចូលនិវត្តន៍ពីសង្វៀនប្រដាល់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឆ្លើយតបនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់គាត់ថា“សួស្ដីលោក Dave Leduc! សូមអរគុណលោកចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ) សូមជូនពរលោកទទួលបានជោគជ័យ រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា”។

ពិតណាស់ សារមួយនេះបានបញ្ជាក់យ៉ាងច្បាស់លាស់អំពីជំនួបដ៏កក្រើករវាងកីឡាករ ដាវ លីឌុច និងកីឡាករ ព្រំ សំណាង បន្ទាប់ពីកីឡាករ ដាវ លីឌុច បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួន គោរពជូន ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជុំវិញការទទួលបានតំណែងជានាយករដ្ឋមន្ត្រីផង និងការស្នើសុំជួបប្រកួតជាមួយកីឡាករគុនខ្មែរ ដើម្បីរិតចំណងមិត្តភាព កម្ពុជា-ភូមា ក្នុងនាមជាប្រទេសបងប្អូនដែលមានវប្បធម៌ចំណាស់មួយក្នុងតំបន់ ដោយកីឡាករ ដាវ លីឌុច បានបនិយាយថា៖ “ខ្ញុំ​សូម​អបអរសាទរ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​កម្ពុជា​ នៅចុង​ឆ្នាំ​នេះ ខ្ញុំ​មកលេងប្រទេសកម្ពុជា​​ដ៏​ស្រស់​ស្អាត​ ​ហើយត្រូវ​ទៅ​ប្រកួត​ក្រោម​គុន​ខ្មែរ នេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍ នៅពេលដែលខ្ញុំមកដល់កម្ពុជា ខ្ញុំមានអ្នកតាមដានរាប់លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនចំនួន ៥៤លាននាក់ ប្រទេសកម្ពុជាមាន ១៦លាននាក់ ហើយប្រទេសទាំងពីរនឹងលើកទឹកចិត្តពួកយើង ដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យរវាងមីយ៉ាន់ម៉ា និងកម្ពុជា តាំងពីបុរាណកាលមក”។

គួរបញ្ជាក់ផងដែរថា សម្រាប់ការបញ្ជាក់ដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមានព្រឹត្តិការណ៍ប្រដាល់គុនខ្មែរកម្រិតពិភពលោកមួយនៅចុងឆ្នាំនេះ ខណៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាចនឹងចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ប្រដាល់ដ៏ធំមួយនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង