ប្រកួតក្រៅស្រុកពីរលើកចុងក្រោយរបស់ ផល សោភ័ណ្ឌ សុទ្ធតែចាញ់លឿនស្មានមិនដល់

អ្នកលេង​គុន​ខ្មែរ ផល សោភ័ណ្ឌ បាន​បរាជ័យ​ក្រោម​រន្ទះ​ជើង​កីឡាករម្ចាស់​ផ្ទះ​រុស្ស៊ី Kamran Nabati នៅ​ដើម​ទឹក​ទី​១ នៅកម្មវិធី RCC Fair Fight 22 នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដោយជំនួប​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់​ចាំ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​ បាន​ប្រព្រឹត្ត​ទៅ​ត្រឹម​តែ ​១ៈ១៣ ​នាទី​ប៉ុណ្ណោះ​ ក៏​ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​កីឡាករ Nabati ប្រើ​ជើង​ទាត់​នាគ​វាត់​កន្ទយ​ចំ​មុខ​របស់​ ផល សោភ័ណ្ឌ បណ្តាល​ឲ្យ​សន្លប់តែម្តង​។

​ពិតណាស់ តាមបទ​ពិសោធ​ឡើង​សង្វៀន​រាប់​ឆ្នាំ និង​ឆ្លង​កាត់​ដៃ​គូ​រាប់​ភ្លេច ផល សោភ័ណ្ឌ គួរ​តែ​បានត​តាំង និងបញ្ចេញ​សមត្ថភាព​អស់ បើ​ទោះ​បី​ជា​ចាញ់ ឬ​ឈ្នះ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​បែរ​ជា​បញ្ចប់​ទៅ​យ៉ាង​លឿន​​ហួស​ពី​ការគិត និង​ជា​​រឿង​គួរ​ឲ្យ​សោក​ស្តាយ​បំផុតដល់អ្នកគាំទ្រ។

យ៉ាងណាមិញ លទ្ធផល​នេះ​មិន​ខុស​អ្វី​កាល​ពី​ឆ្នាំ​២០១៥ ឡើយ ដោយ ផល សោភ័ណ្ឌ បាន​ទៅ​ប្រកួត​នៅ​កម្មវិធី​ធំ Thai Fight ជា​មួយ​ជើងខ្លាំង​ថៃ Saenchai ប៉ុន្តែ​ការ​ប្រកួត​បាន​ត្រឹម​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ក៏​កីឡាករ​ថៃ​ប្រើ​កណ្តាប់​ដៃ​ផ្តួល​​អ្នក​លេង​គុន​ខ្មែរ​​​ឲ្យ​សន្លប់​យ៉ាង​លឿន។

គួរបញ្ជាក់ផងដែរថា ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ ចាញ់លើកទី១ គឺចាញ់ជើងខ្លាំង​ថៃ Saenchai ដោយកណ្តាប់​ដៃនៅប៉ុន្មាន​វិនាទី នៃទឹកទី១ ក្នុងកម្មវិធី​ធំ Thai Fight កាល​ពី​ឆ្នាំ​២០១៥ និងចាញ់លើក២ គឺចាញ់​ជើង​ខ្លាំង​រុស្ស៊ី Kamran Nabati នៅ​ដើម​ទឹក​ទី​១ នៅកម្មវិធី RCC Fair Fight 22 នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាល​ពី​យប់​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង