មិនធ្លាប់ធ្វើជាកីឡាករក៏អាចបើកសាលាគុនខ្មែរបានដែរ ថែមទាំងកូនសិស្សកំពុងមានទីផ្សារថែមទៀត (មានវីដេអូ)
ម្ចាស់សាលាប្រដាល់គុនខ្មែររូបនេះ មិនធ្លាប់ជាកីឡាករពីមុនមកទេ ប៉ុន្តែលោកមានចិត្តមុះមុតក្នុងការបង្កើតក្លិបថ្នាលគុនខ្មែរ នៅឯស្រុកសន្ទុក ខេត្តកំពង់ធំ ដោយពេលនេះកូនសិស្សកំពុងមានទីផ្សារប្រកួតច្រើន និងកំពុងត្រៀមជួបកូនសិស្សលោកគ្រូល្បីៗនៅរាជធានីទាំងបួននាក់នេះ នៅចុងខែសីហានេះផងដែរ។
លោក ម៉ែន វណ្ណា ប្រធានសាលាគុនប្រដាល់ខ្មែរ ដាវ ដែក ខេត្តកំពង់ធំបានផ្តល់បទសម្ភាសពិសេសជាមួយក្រុមការងារ Media 365 Daily នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ថា សម្រាប់ចុងខែសីហា នេះ កូនសិស្សរបស់លោកចំនួន ៤នាក់ នឹងត្រូវឡើងមករាជធានីភ្នំពេញ ប៉ះជាមួយសិស្សគ្រូល្បីៗក្នុងរាជធានី ក្នុងនោះរួមមាន៖ វណ្ណា សំរិទ្ធ ជួបកូនសិស្សលោកគ្រូ បឺត ខាំ និង វណ្ណា ពន្លឺ ជួបកូនសិស្សលោកគ្រូ ពេជ្រ សុផាន់ ចំណែក វណ្ណា ណារិន នឹងជួបកូនសិស្ស លោកគ្រូ ស៊ន អេលីត ខណៈ វណ្ណា គុម្ភៈ ត្រូវជួបកូនសិស្ស លោកគ្រូ ប៊ុនឃីម ជាគ្រូ និងជាឪពុកកីឡាករ ឃីម ឌីម៉ា។
គួររំឭកថា លោក ម៉ែន វណ្ណា ផ្តើមចេញពីការស្រលាញ់លើវិស័យគុនខ្មែរ មិនធ្លាប់ធ្វើជាកីឡាករសោះឡើយ គ្រាន់តែធ្លាប់បានហ្វឹកហាត់ក្បាច់គុនខ្លះ និងមានការស្រលាញ់ចូលចិត្តខ្លាំងលើវិស័យក្បាច់គុន ព្រមទាំងមានឆន្ទៈចង់អភិរក្សនូវវប្បធម៌ខ្មែរពីដូនតា លោកបានសម្រេចចិត្តបង្កើតសាលាគុន និងទទួលបានសិស្សជាច្រើននាក់ ព្រមទាំងកំពុងចាប់ផ្តើមទទួលបានប្រជាប្រិយភាពផងដែរ ខាងក្រោមនេះ ជាសាច់រឿងលម្អិត សូមស្តាប់ការរៀបរាប់ពីប្រធានក្លិបដូចតទៅ៖