អបអរ ក្របីព្រៃ ពេជ្រ សម្បត្តិ ក្លាយជាម្ចាស់រថយន្ត នៅក្នុងកម្មវិធីគុនខ្មែរអលស្តារវគ្គ ៨ (មានវិដេអូ)
ជើងខ្លាំងគុនខ្មែរ ពេជ្រ សម្បត្តិ បានក្លាយជាម្ចាស់រថយន្តពីភេសជ្ជៈប៉ូវកម្លាំង Boostrong ក្នុងកម្មវិធីគុនខ្មែរអលស្តារវគ្គ ៨ បន្ទាប់ពីទទួលបានសំឡេងគាំទ្រច្រើនជាងគេក្នុងចំណោមកីឡាករគុនខ្មែរចំនួន ៣នាក់ផ្សេងទៀត ដែលជាបេក្ខភាពដណ្តើមរថយន្ត កាលពីយប់មិញ។
ពិតណាស់ មុននឹងក្លាយជាម្ចាស់រថយន្តពីកម្មវិធីគុនខ្មែរអលស្តារ បេក្ខភាពទាំង ៤រូប ត្រូវតែឈ្នះដៃគូជាដាច់ខាត ដោយក្នុងនោះរួមមាន៖ ម៉ានូ សិល្បៈ បានផ្តួល ឆាតសាម័យយឹម (ឡាវ) ត្រឹមទឹកទី២ ក្របីព្រៃ ពេជ្រ សម្បត្តិ ឈ្នះ Saw Kolo (ភូមា) ត្រឹមទឹក២ ចំណែកគីងកុងពិឃាត អេលីត សាន់ ឈ្នះ Zaw Aye See (ភូមា) ដោយពិន្ទុ និងដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានផ្តួល Omar El Ouers (ម៉ារ៉ុក) ត្រឹមទឹកទី១ ហើយអ្នកគាំទ្រប្រដាល់ក្បាច់គុនខ្មែរ បានបោះឆ្នោតឲ្យ ពេជ្រ សម្បត្តិ ឈ្នះរថយន្តនៅក្នុងកម្មវិធីដ៏ធំមួយនេះ។
យ៉ាងណាមិញ ក្រោយពីឈ្នះរថយន្ត ពី Boostrong ពេជ្រ សម្បត្តិ បាននិយាយថា៖ “ខ្លួនមិនដែលរំពឹងថាអាចឈ្នះរថយន្តពីកម្មវិធីនោះទេ ព្រោះបេក្ខភាពទាំង ៤រូប សុទ្ធសឹងតែជាជើងខ្លាំង ហើយពួកគាត់សុទ្ធតែជើងចាស់ កេរ្តិ៍ឈ្មោះគាត់ក៏ល្បីៗផងដែរ ហើយសម្រាប់ការប្រកួតនេះ ខ្ញុំហាត់បានពេញ ខ្ញុំសង្ឃឹមខ្ពស់ ថាអាចឈ្នះដៃគូ ប៉ុន្តែមិនបានគិតដល់ថា ខ្លួនឯងឈ្នះរថយន្តពីកម្មវិធីនោះទេ”។
គួរបញ្ជាក់ផងដែរថា អ្នកលេងគុនខ្មែរ ក្របីព្រៃ ពេជ្រ សម្បត្តិ ជាកីឡាករគុនខ្មែរទី១ ហើយ ដែលប្រកួតឈ្នះរថយន្ត ក្នុងប្រវត្តិសាស្ត្រប្រដាល់គុនខ្មែររបស់កម្ពុជា ខណៈកន្លងមកមិនទាន់មានកីឡាករណាប្រកួតឈ្នះរថយន្តនៅឡើយនោះទេ៕