បន្ទាប់ពីផ្តួលកីឡាករឡាវ កាលពីយប់មិញ ពេលនេះ ម៉ានូ សិល្បៈ បានប្រកាសឲ្យនាំយកជើងខ្លាំងមកជួបខ្លួនបន្តទៀត
អ្នកប្រដាល់គុនខ្មែរ ម៉ានូ សិល្បៈ បានផ្តួលកីឡាករឡាវ ឆាតសាម័យ ឲ្យបោះបង់ការប្រកួតនៅទឹក ២ ក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរអលស្តារ វគ្គ៨ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់មិញ ដោយ ម៉ានូ សិល្បៈ បាននិយាយថា៖ “ខ្ញុំចង់ឲ្យអ្នករៀបចំការប្រកួតនាំយកជើងខ្លាំងមកទៀត អត់អីទ បើខ្ញុំចាញ់ ខ្ញុំរៀនបន្តទៀត ប៉ុន្តែមុននឹងចាញ់ គឺពិបាករបស់ខ្ញុំហើយ ហើយបើទោះបីជាខ្ញុំចាញ់ ក៏ចាញ់អត់សន្លប់ដែរ អត់អីទេ យកអាខ្លាំងៗមក ខ្ញុំអាចទទួលបាន”។
ការពិតណាស់ ការប្រកាសបែបនេះ បន្ទាប់ពី ម៉ានូ សិល្បៈ បានផ្តួលកីឡាករឡាវ ឲ្យបោះបង់ការប្រកួតត្រឹមទឹក ២ ហើយក៏ជាការវិលមកសងសឹករបស់កីឡាករឡាវ ដោយគេមិនទទួលបានជោគជ័យនោះឡើយ បន្ទាប់ពីកីឡាករឡាវរូបនេះ ត្រូវបានចាញ់ដោយអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣ ពេលជួបគ្នាលើកទី១។
គួរបញ្ជាក់ថា អ្វីដែលពិសេសនោះ គឺក្បាច់វ៉ៃរបស់ ម៉ានូ សិល្បៈ លើកនេះពិតជាប្លែកជាងមុនៗ ដោយរូបគេបានព្យាយាមតតាំងជាមួយដៃគូប្រកួត និងមានក្បាច់ឡើងជង្គង់ដ៏ល្អដែលទាំងអស់នោះ រូបគេបានអរគុណដល់ជើងខ្លាំងគុនខ្មែរ ព្រំ សំណាង ដែលបានជួយបង្ហាត់រូបគេឲ្យចេះក្បាច់ពិសេសៗនេះ៕