ឡុង ពិសិដ្ឋ ស្រក់ទឹក​ភ្នែក នឹកដល់អ្នក​ស្រី ឡុង រ៉ាវី ពេលឈ្នះខ្សែក្រវាត់ដំបូងរបស់ខ្លួន

អ្នកប្រដាល់​វ័យ​ក្មេង ឡុង ពិសិដ្ឋ បាន​គ្រង​​ខ្សែ​ក្រវាត់​​ទម្ងន់​ ៥១​គីឡូក្រាម​ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ​កីឡាករ អេលីត រស្មី ដោយ​ពិន្ទុ បន្ទាប់​ពី​តស៊ូ​គ្នាអស់​ ៣​ទឹក​ពេញ​ ក្នុង​​កម្មវិធី​គុន​ខ្មែរអល​ស្តារ វគ្គ​៨ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ នៅ​វិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ជំនួប​ដណ្តើម​​ខ្សែ​ក្រវាត់​កក្រើករបស់​អ្នក​ទាំង​ពីរ​ ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពីអ្នកគាំទ្រ ដោយសារ​អ្នក​ទាំង​ពីរវ៉ៃ​ពោរពេញ​ទៅដោយ​បច្ចេកទេស និង​រហ័ស​រហួន​។

កូន​សិស្ស​របស់​ក្លិប (ខ្លារខិន​មានឬទ្ធិ) ​ដែល​មាន​លោក រីគី ជា​គ្រូ​បង្វឹក​ បាន​និយាយ​​ថា៖ “ខ្ញុំ​សូមជូន​ខ្សែ​ក្រវាត់​នេះ​ដល់​លោកគ្រូ រីគី ជា​ពិសេស​ម៉ាក់វី ឪពុក​ម្តាយ​ខ្ញុំ និង​បង​ប្អូន​ទាំង​អស់ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្តណាស់ ពី​ព្រោះ​ការ​ប្រកួត​នេះ​តឹង​តែង​ខ្លាំង ខ្ញុំ​ចូល​កណ្តាប់​ដៃ​របស់​គេ​ធ្វើ​ឲ្យ​វង្វែង​ស្មារតី​ម្តង​ដែរ នៅ​ទឹក​ទី​១ លោក​គ្រូ​ឲ្យ​ខ្ញុំ​ព្យាយាម​ការពារ តែ​ទឹក​ទី​២ និង​ទី​៣ ខ្ញុំ​ត្រូវ​ប្រឹង​វ៉ៃ​សម្រុក ចុងក្រោយក៏ឈ្នះ”។​

ឡុង ពិសិដ្ឋ បាន​បន្តទៀត​ថា៖ “ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ និង​រំភើប​ខ្លាំង​​​ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់​លើក​ដំបូង​ក្នុងអាជីព​ប្រដាល់​របស់​ខ្ញុំក្នុង​ឆាក​ជីវិត ខ្ញុំ​មិន​ធ្លាប់​ឈ្នះ​ទេ តែ​ពេល​ខ្ញុំ​នឹក​គិត​ដល់​គាត់ (អ្នក​ស្រី ឡុង រ៉ាវី) ខ្ញុំ​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ទេ គាត់ជួយ​ខ្ញុំ​តាំង​ពី​តូច គាត់​មិន​ដែល​បាន​សប្បាយ​រីក​រាយ​នឹង​សមិទ្ធផល​របស់​ខ្ញុំ​ទេ តែ​ដល់​ពេល​ខ្ញុំ​ទទួល​បាន​ជោគជ័យ​នៅ​ពេល​នេះ គាត់​បានឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ”។

គួរបញ្ជាក់ផងដែរថា អ្នក​ស្រី ឡុង រ៉ាវី ជាម្ចាស់​ក្លិប​ប្រដាល់ (ខ្លារខិន​មាន​ឬទ្ធិ) ​ដែល​ក្នុង​មួយ​ជីវិតបាន​លះ​បង់​គ្រប់​យ៉ាង​ណា ​ដើម្បី​គុន​ខ្មែរ និង​ជា​ស្ត្រី​ម្នាក់​ដែល​បាន​ជួយ​បណ្តុះ​បណ្តាល​កីឡាករ កីឡាការិនី​​ច្រើន ហើយអ្នក​ស្រី​ក៏បាន​ទទួល​មរណភាព​ ដោយ​រោគាពាធ​កាល​ពី​ប៉ុន្មាន​ខែ​​មុន​​ដែល​បាន​ធ្វើ​ឲ្យ​កូន​សិស្ស​ក្នុង​ក្លិប​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ហើយបន្ទាប់​ពី​អត់​ពី​អ្នក​ស្រី ឡុង រ៉ាវី ទៅ ក្លិប​ប្រដាល់​នៅ​តែ​ដំណើរ​ការ​ដោយ​មាន​ប្អូន​របស់​គាត់ និង​លោក​គ្រូ​ រីគី​ ជា​អ្នក​ដឹក​នាំ​ដំណើរ​ការ​បន្ត​ទៀត ហើយ​កូន​សិស្សនៅ​តែ​បន្ត​ហ្វឹក​ហាត់​ធម្មតា ក្នុង​នោះ​ក៏​មាន​កីឡាករ ឡុង ពិសិដ្ឋ​ ម្នាក់​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង