អ្នកលេងថ្នា​លគុន​ខ្មែរ រិទ្ធី បូ​រិ​ន បង្ហាញ​មហិច្ឆតាចង់​ក្លាយជា​អ្នកល្បី ក្រោយ​មានការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​

ពន្លក​គុន​ខ្មែរ រិទ្ធី បូ​រិ​ន បានបង្ហាញ​ភាពខ្លាំងរបស់ខ្លួន ក្នុងការ​ចាប់យក​អាជីព​ជា​អ្នក​ប្រដាល់ ហើយ​រូបគេ​បានបង្ហាញ​មហិច្ឆតា​ខ្ពស់​ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ ដើម្បីឲ្យ​ក្លាយជា​អ្នក​ប្រដាល់​គុន​ខ្មែរ​ល្បីឈ្មោះ​ម្នាក់​ ទៅ​ថ្ងៃ​អនាគត ​បន្ទាប់ពី បូ​រិ​ន ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​ទស្សនិកជន​។​

ពិតណាស់ ដោយសារ​ការស្រឡាញ់ និង​ចូល​ចិត្តការ​ហាត់គុនខ្មែរ រិទ្ធី បូ​រិ​ន បាន​ជម្នះ​ការហាមឃាត់​របស់​ឪពុកម្តាយ ដោយបាន​លួច​ទៅ​ហាត់​ប្រដាល់​តាំងពី​អាយុ​ ១១​ឆ្នាំ ហើយ​ បូ​រិ​ន អាច​អភិវឌ្ឍ​សមត្ថភាព​បាន​យ៉ាង​លឿន​ ដើម្បី​ឡើង​ប្រកួត​នៅលើ​សង្វៀន ដោយ​ក្នុង​រយៈពេល​ចូល​ ៣​ឆ្នាំ​មកនេះ ពន្លក​គុន​ខ្មែរ រិទ្ធី បូ​រិ​ន បាន​ឡើង​ប្រកួត​ចំនួន ៣២​ដង​ហើយ គឺ​ឈ្នះ​២៦ ចាញ់​៥ ស្មើ​១ និង​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យសន្លប់​ចំនួន​ ៧​ដង​។​

យ៉ាងណាមិញ នៅក្នុង​ប្រវត្តិ​ប្រកួត​នេះ រិទ្ធី បូ​រិ​ន បាន​ក្លាយជា​កីឡាករ​ថ្នាល​ដំបូង​គេ ដែល​ដណ្តើមបាន​ខ្សែក្រវាត់ (​ថ្នាល​គុន​ខ្មែរ Super Fight) ក្នុង​ប្រភេទ​ទម្ងន់​ ២៩​គីឡូក្រាម បន្ទាប់ពី​បាន​យកឈ្នះ ពេជ្រ បញ្ញា ដោយ​ពិន្ទុ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២៣ ហើយក៏​ជា​ពេលដែល បូ​រិ​ន ទទួលបាន​ប្រាក់រង្វាន់ ១៥០០ ០០០​ រៀល ជា​លើកដំបូង រួមទាំង​ការទទួលប្រាក់​តម្លៃ​ខ្លួន​ចំនួន ​១​លាន​រៀល​បន្ថែមទៀត ជាមួយ​ការ​ឈ្នះ​បាន​ខ្សែក្រវាត់ (​ថ្នាល​គុន​ខ្មែរ Super Fight) នោះដែរ រិទ្ធី បូ​រិ​ន ត្រូវបាន​ដាក់ឲ្យប្រកួត​អន្តរជាតិ​ជា​លើកដំបូង ​ក្នុង​ព្រឹត្តិការណ៍ Kun Khmer All Star វគ្គ​ទី​៨ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ថ្ងៃទី​២២ ខែសីហា ហើយ​នៅក្នុង​ការប្រកួត​នោះ បូ​រិ​ន បាន​យកឈ្នះ​កីឡាករ​ឡាវ Khunlek VHGym សន្លប់​ត្រឹម​ទឹក​ទី​២​ ផងដែរ។

អ្នកលេងថ្នា​លគុន​ខ្មែរ រិទ្ធី បូ​រិ​ន បាន​និយាយបញ្ជាក់ថា​៖ “ឪពុកម្តាយ​របស់ខ្ញុំ មិន​ពេញចិត្ត​ឲ្យ​ខ្ញុំ​ចូល​ហាត់​ប្រដាល់​ទេ ដោយ​ខ្ញុំ​បាន​លួច​មក​ហាត់ ប៉ុន្តែ​លោកគ្រូ​បាន​ប្រាប់ថា ទាល់តែ​ឲ្យពុក​ម៉ែ​មកសុំ​ទើប​គាត់​ហ៊ាន​ទទួល​ឲ្យហាត់​ ព្រោះ​គាត់​ខ្លាច​ហាត់​ទៅ​គ្រេចជើង​គ្រេចដៃ នាំឲ្យឪពុកម្តាយ​ខ្ញុំ​ថាឲ្យ តែ​ទោះបីជា​យ៉ាងណា ពេលនេះ​ឪពុកម្តាយ​ខ្ញុំ​គាត់​លែង​ហាមឃាត់​ទៀតហើយ ហើយ​គាត់​មានការ​សប្បាយចិត្ត​នៅពេល​ខ្ញុំ​ទទួលបាន​ជ័យជម្នះ​បែបនេះ អ៊ីចឹង​គាត់​មានតែ​ជំរុញ​ខ្ញុំ​បន្ថែម​”​៕

 

អត្ថបទដែលជាប់ទាក់ទង