ក្រោយចប់ការប្រកួតភ្លាម! គ្រូបង្វឹកបឹងកេតលើកឡើងថា លោកមិនចង់និយាយពីអាជ្ញាកណ្ដាលឡើយ
ក្រោយយកឈ្នះក្រុមវិសាខា គ្រូបង្វឹកក្រុមបឹងកេតលោក Clement Teo បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានអំពីរឿងពាក់ព័ន្ធនិងអាជ្ញាកណ្ដាលថា លោកមិនចង់និយាយពីអាជ្ញាកណ្ដាលដែលកាត់ក្ដីក្នុងការប្រកួតនេះឡើយ ហើយអាជ្ញាកណ្ដាលក៏អាចបង្កកំហុសដែរ។
ជាការពិតណាស់ ក្នុងការប្រកួតរវាងក្រុមបឹងកេតប៉ះជាមួយវិសាខាត្រូវបានអ្នកទស្សនាជាច្រើនមើលឃើញពីភាពខ្វះចន្លោះរបស់អាជ្ញាកណ្ដាលដែលបានកាត់សេចក្ដីក្នុងការប្រកួតនោះ ជាពិសេសកន្លែងដែលអ្នកចាំទីរបស់វិសាខាបានប៉ះទង្កិចគ្នាជាមួយកីឡាករ ចាន់ វឌ្ឍនាកា ដែលត្រូវបានគេមើលឃើញក្រុមបឹងកេតត្រូវតែទទួលបានបាល់ប៉េណាល់ទី ប៉ុន្តែរឿងនេះមិនកើតឡើងឡើយ។ តាមការដកស្រង់សំដីរបស់លោក Clement Teo បាននិយាយក្រោយបញ្ចប់ការប្រកួតថា៖
“សម្រាប់ខ្ញុំ ខ្ញុំមិនចង់និយាយអំពីអាជ្ញាកណ្ដាលឡើយ អាជ្ញាកណ្ដាលក៏ជាមនុស្ស ពីកន្លែងខ្ញុំឈរខ្ញុំឃើញថាវាជាបាល់ ១១ម៉ែត្រ ប៉ុន្តែគាត់នៅជិតជាងខ្ញុំ ខ្ញុំមិនទាន់ឃើញច្បាស់ថាអ្នកចាំទីទាត់បាល់ ឬក៏ទាត់វឌ្ឍនាកាទេ អ៊ីចឹងខ្ញុំមិនចង់និយាយព្រោះវាអយុត្តិធម៌សម្រាប់អាជ្ញាកណ្ដាល ទោះបីជាថ្ងៃនេះយើងចាញ់ក៏ខ្ញុំមិនចង់និយាយពីអាជ្ញាកណ្ដាលដែរព្រោះវាបានចប់រួចរាល់ហើយ”។
លោកបានបន្ថែមទៀតថា៖”អាជ្ញាកណ្ដាលក៏ជាមនុស្ស អាជ្ញាកណ្ដាលអាចបង្ករកំហុស ប្រសិនបើគាត់ផ្ដល់បាល់ប៉េណាល់ទី តើវាយ៉ាងម៉េច? ប្រហែលជាគាត់ផ្ដល់បាល់ប៉េណាល់ទីឲ្យយើង ហើយយើងអាចចាញ់ការប្រកួតវិញក៏ថាបាន អ្នកណាទៅដឹង”។
គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមបឹងកេតប៉ះជាមួយវិសាខា ដោយលទ្ធផលបឹងកេតទទួលបានជ័យជម្នះដោយលទ្ធផល ៤-២ សម្រាប់ការប្រកួត ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សប្ដាហ៍ទី៤៕