អស្ចារ្យណាស់! កម្ពុជា នឹងរៀបចំការប្រកួតគុនខ្មែរពិភពលោក នៅខេត្តសៀមរាប ដែលមានប្រទេសគ្រប់ទ្វីបចូលរួម
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ-អន្តរជាតិ នឹងរៀបចំការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ឆ្នាំ២០២៣ (Kun Khmer World Championship2023) បន្ទាប់ពីបានខកខានរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក នេះ ចំនួន ២ ឆ្នាំ មកហើយ បន្ទាប់ពីព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងចំនួន ៣លើកកន្លងមក ហើយការរៀបចំឲ្យមានការប្រកួតជាថ្មីនេះ គឺមានទ្រង់ទ្រាយធំជាងការប្រកួត ៣លើកមុន ព្រោះមានចំនួន ៥៩ ប្រទេស នៅគ្រប់ទ្វីប សុទ្ធតែត្រូវបានអញ្ជើញឲ្យមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។
លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ បាននិយាយថា៖ “គ្រប់ប្រទេសជាសមាជិករបស់សហព័ន្ធគុនខ្មែរអន្តរជាតិ ទាំងនៅទ្វីបអាស៊ី ទ្វីបអាមេរិក ទ្វីបអឺរ៉ុប ទ្វីបអាហ្រ្វិក និងទ្វីបអូសេអានី សុទ្ធតែត្រូវបានអញ្ជើញឲ្យមកចូលរួមក្នុងការប្រកួតនេះ ហើយអ្វីដែលយើងទទួលបាននៅពេលនេះ គឺប្រទេសភាគច្រើន មានបំណងបញ្ជូនប្រតិភូមកចូលរួមការប្រកួតនេះ ហើយនេះជាការប្រកួតប្រចាំឆ្នាំរបស់សហព័ន្ធ ប៉ុន្តែការរៀបចំលើកនេះ មានលក្ខណៈធំជាងមុន ហើយការប្រកួតប្រជែងក៏ខ្លាំងជាងមុន ដោយសារពេលនេះ យើងទទួលបានសមាជិកច្រើន បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេម បានបញ្ចប់ ហើយគិតមកដល់ពេលនេះ មានប្រទេសជាង ១០ហើយ បានឆ្លើយតប សម្រាប់ការមកចូលរួម ហើយដោយសារយើងទុកពេលឲ្យពួកគាត់រៀបចំក្រុមកីឡា រហូតដល់ពាក់កណ្តាលខែតុលា នេះ អ៊ីចឹងចំនួនប្រទេសចូលរួមនឹងមានការកើនឡើងថែមទៀត ដែលយើងជឿថា ប្រទេសជាច្រើន នៅគ្រប់ទ្វីបទាំង ៥ នឹងមកចូលរួមការប្រកួតនេះផងដែរ”។
គួរបញ្ជាក់ថា ការប្រកួតគុនខ្មែរជើងឯកពិភពលោក ឆ្នាំ២០២៣ នេះ គឺមានលំនាំការប្រកួតដូចស៊ីហ្គេម ដែរ ប៉ុន្តែវិញ្ញាសាប្រកួតមានច្រើនជាង ដោយសារព្រឹត្តិការណ៍នេះ មានទាំងការប្រកួតរបស់ក្រុមកីឡាអាយុក្រោម ១៧ឆ្នាំ និងក្រុមកីឡាអាយុពី ១៧ ដល់ ៣៧ឆ្នាំ ហើយការប្រកួតត្រូវបានបែងចែកជា ៣ប្រភេទ គឺការប្រកួតបែបស្ម័គ្រចិត្ត ពាក់កណ្តាលអាជីព និងលក្ខណៈអាជីព ហើយការប្រកួតនេះមានរយៈពេល ៣ថ្ងៃ ក្នុងអំឡុងពេលពិធីបុណ្យអុំទូក គឺថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្វៀន ១កន្លែងក្បែរព្រះអង្គចេកព្រះអង្គចម ដែលអាចផ្ទុកអ្នកទស្សនាបានជាង ៥ពាន់នាក់៕