រឿង សោភ័ណ្ឌ ថា មុនពេលបញ្ចប់អាជីពខ្លួនចង់ប្រកួតជាមួយកីឡាករ បរទេស ២រូបដែលមានសមត្ថភាពខ្លាំងៗ…
អ្នកប្រដាល់កម្ពុជា រឿង សោភ័ណ្ឌ បានបង្ហាញបំណងចង់ប្រកួតជាមួយជើងខ្លាំង ២រូបមុននឹងខ្លួនចូលនិវត្តពីអាជិពប្រដាល់ ហើយកីឡាករទាំងពីររូបនោះមិនមែនជាកីឡារកររួមជាតិទេ តែជាកីឡាករ Alex Bublea របស់រូម៉ានី និងកីឡាករថៃ Saenchai។
កីឡាករគុនខ្មែរដែលវ័យ ៣៥ឆ្នាំ រឿង សោភ័ណ្ឌ បាននិយាយថា៖ “វ័យរបស់ខ្លួន កាន់តែជ្រេហើយ ដូច្នេះការចូលនិវត្តពីអាជីពជាកីឡាករ នៅមិនយូរនោះទេ ហើយខ្លួនមិនទាន់អាចកំណត់អាយុ និងពេលវេលា សម្រាប់បញ្ចប់អាជីពមួយនេះទេ គឺចាំមើលសុខភាពតែប៉ុណ្ណោះ ព្រោះអីពេលនេះ យើងអត់ទាន់កំណត់បានទេ យើងចាំមើលជាក់ស្ដែង នៅពេលប្រកួត មានបញ្ហាអ្វី ឧទាហរណ៍ ឆាប់អស់ស្ទុះ ហត់ខ្លាំង និងបន្ទាប់ពីប្រកួតឈឺខ្លួន ទ្រុតទ្រោមខ្លាំងពេក ព្រោះឥឡូវនេះ យើងចាប់ផ្ដើមទ្រុតទ្រោមបណ្ដើរៗហើយ ណាមួយ យើង គិតថា អាយុច្រើនដែរហើយ ខ្សែក្រវ៉ាតក៏ច្រើនដែរ ក្នុងស៊ីហ្គេមនេះ ខ្ញុំក៏បានមេដាយមាស១ សម្រាប់ជូនប្រទេសជាតិយើង និងប្រជាជនកម្ពុជា របស់យើង អ៊ីចឹងវាច្រើនដែរហើយ”។
ម្ចាស់មេដាយមាសកីឡាគុនខ្មែរ ក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ រឿង សោភ័ណ្ឌ បានបន្ថែមទៀតថា៖ “ប្រសិនជាមានព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវ៉ាត់ធំៗ ក្នុងឆ្នាំនេះ ខ្លួន នៅតែមានមហិច្ឆតាដណ្ដើមដែរ ប៉ុន្ដែ បើឈានទៅដល់ ១ ទៅ ២ ឆ្នាំទៀត បារម្ភថា ខ្លួនមិនអាចប្រជែងឈ្នះកីឡាករ ក្មេងៗ ដែលមានកម្លាំងខ្លាំងជាងខ្លួន ហើយគាត់មិនចង់ប្រកួតជាមួយកីឡាករកម្ពុជាទេ ដោយសារតែខ្លួនធ្លាប់មានបទពិសោធន៍ប្រកួតរួចហើយ ម្យ៉ាងវិញទៀតរូបលោក គឺជា Super Star មួយរូបនៅកម្ពុជា ដូច្នេះ មុនពេលបញ្ចប់អាជីពលោកចង់ប្រកួតជាមួយកីឡាករ បរទេស ដែលមានសមត្ថភាពខ្លាំងៗ”។
គួរបញ្ជាក់ផងដែរថា កីឡាករបរទេស ២រូប ដែលដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ចង់ប្រកួតជាមួយនោះ គឺកីឡាករ Alex Bublea និង Sanchai ហើយប្រសិនជាបានប្រកួតជាមួយកីឡាទាំង ២រូបនេះ សោភ័ណ្ឌ អាចដឹងពីកម្រិតរបស់ខ្លួន ហើយប្រសិនជាមានឱកាសប្រកួតពិតមែន ទោះឲ្យ សោភ័ណ្ឌ ចេញទៅប្រកួតនៅក្រៅប្រទេស ក៏រូបលោក ព្រមទៅដែរ៕