សាមី បាននិយាយក្រោយពីចាញ់សន្លប់ក្រោមកណ្តាប់ដៃ ធន់ រិទ្ធី កាលពីយប់មិញ

កីឡាករថៃ សាមី បានឆាមេក បានចាញ់សន្លប់ក្រោមកណ្តាប់ដៃរបស់អ្នកលេងកម្ពុជា ធន់ រិទ្ធី នៅទឹក​ទី​២​ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ Krud គុនខ្មែរអន្តរជាតិ នៅកាលពីយប់មិញ នៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា​រហូត​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។

ពិតណាស់ ការប្រកួតនៅទឹកទី១ ធន់ រិទ្ធី ធ្វើបានយ៉ាងល្អ​ ដោយវាយចូលមុខ សាមី ជាច្រើនដៃ ប៉ុន្តែកីឡាករថៃម្នាក់នេះនៅតស៊ូ និងទប់ទល់រហូតចប់ទឹកទី១ ចូលដល់ទឹកទី២ អ្នកលេងគុនខ្មែរ ធន់ រិទ្ធី នៅតែធ្វើបានល្អ ដោយចេញកណ្តាប់ដៃទៅធ្ងន់ៗ និងចំគោលដៅ ដែលធ្វើឲ្យ សាមី ដួល ត្រូវបានអាជ្ញាកណ្តាលរាប់ ៨ ជាលើកទី១ ហើយបន្ទាប់មក ធន់ រិទ្ធី បានវាយ សាមី ឲ្យអាជ្ញាកណ្តាលរាប់លើកទី២ និងលើកទី ៣ ត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។

យ៉ាងណាមិញ ក្រោយពីចាញ់សន្លប់ កាលពីយប់មិញ សាមី បានឆាមេក បានចេញវីដេអូ និយាយថា៖ “ការប្រកួតនេះ កីឡាករកម្ពុជា ធន់ រិទ្ធី ពិតជាធ្វើបានល្អ រូបគេបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ រូបគេពិតជាទទួលស្គាល់ចំពោះបរាជ័យដ៏ធ្ងន់ធ្ងរមួយនេះ”។

សាមី បានបន្តទៀតថា៖ តាមពិតទៅរូបគេពិតជាប្រឹងប្រែង និងតស៊ូ​ងើប​ឡើង​ ដើម្បី​តតាំង​ឡើង​វិញ​​ដែរ​ សម្រាប់ការប្រកួតនេះ ប៉ុន្តែនៅតែមិនអាចស៊ូទ្រាំនឹងទម្ងន់ដៃធ្ងន់របស់ ធន់ រិទ្ធី ដែលធ្វើឲ្យផ្ទៃមុខរបស់ខ្លួនហើម​យ៉ាងដំណំ ហើយរូបគេក៏បានអគុណដល់អ្នកគាំទ្រទាំងកម្ពុជា និងថៃដែលបានយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីខ្លួន”។

គួរបញ្ជាក់ផងដែរថា កាលពីយប់មិញនេះ សាមី បានឆាមេក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដោយសារត្រូវកណ្តាប់ដៃយ៉ាងធ្ងន់ធ្ងររហូតចេញក្អួត ហើយនេះក៏​ជា​ការ​សង​សឹក​បាន​សម្រេច​របស់ ធន់ រិទ្ធិ បន្ទាប់​ពី​ធ្លាប់​ចាញ់ សាមី ម្តង​ហើយ នេះ​ក៏​ជា​ជ័យជម្នះ​ដែល​ធ្វើ​ឲ្យ​​ រិទ្ធិ ​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​អន្តរជាតិ​លើក​ដំបូង​របស់​ខ្លួនដែរ៕

អត្ថបទដែលជាប់ទាក់ទង